ព្រះត្រៃបិដក ភាគ ០៩
ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គួរពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ មានត្ត ៦រាត្រី សង្ឃបានឲ្យដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុកហើយ ការឲ្យមានត្តនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៤០៩] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។បេ។ ខ្ញុំនោះ សន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ បាននាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ
ID: 636798066256584969
ទៅកាន់ទំព័រ៖