ព្រះត្រៃបិដក ភាគ ០៩
សង្ឃចូរទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ហើយសិមឲ្យមានត្ត ៦រាត្រីចុះ។
[៤១០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តយ៉ាងនេះ។បេ។
[៤១១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យមានត្ត ៦រាត្រី យ៉ាងនេះ។បេ។ ឲ្យ។បេ។ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុកហើយ ការឲ្យមានត្តនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៤១២] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។បេ។ ខ្ញុំនោះ សន្សំមានត្តរួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច តទៅទៀត។ ភិក្ខុទាំងនោះ បាននាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើអព្ភានកម្ម ដល់ឧទាយិភិក្ខុចុះ។
ID: 636798066631426409
ទៅកាន់ទំព័រ៖