ព្រះត្រៃបិដក ភាគ ០៩
អព្ភានកម្មរបស់ឧទាយិភិក្ខុ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ ឧទាយិភិក្ខុ សង្ឃបានធ្វើអព្ភានកម្មរួចហើយ អព្ភានកម្មនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំរឿងនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៤១៥] សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ (កន្លះខែ)។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ពួកភិក្ខុនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃឲ្យបក្ខបរិវាស (បរិវាសកន្លះខែ) ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។
ID: 636798068456280784
ទៅកាន់ទំព័រ៖