ព្រះត្រៃបិដក ភាគ ០៩
ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ហើយសឹមឲ្យសមោធានបរិវាស ចំពោះអាបត្តិខាងដើមចុះ។
[៤២៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញមកដាក់ក្នុងមូលាបត្តិ យ៉ាងនេះ។បេ។
[៤២៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសមោធានបរិវាស ចំពោះអាបត្តិខាងដើម យ៉ាងនេះ។បេ។ សង្ឃឲ្យ។បេ។ សង្ឃបានឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម ការឲ្យសមោធានបរិវាសនោះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៤២៦] ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ក៏ប្រាប់ដល់ពួកភិក្ខុថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។ ខ្ញុំបាននៅបរិវាសរួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ចុះ។
ID: 636798072028615110
ទៅកាន់ទំព័រ៖