ព្រះត្រៃបិដក ភាគ ០៩
ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលដែលអាត្មាអញ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ឥឡូវ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ការឲ្យទ្វេមាសបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែហើយ ការឲ្យនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។
ID: 636798107577698401
ទៅកាន់ទំព័រ៖