ព្រះត្រៃបិដក ភាគ ០៩
[៣៧២] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយសឹកចេញទៅ។ ម្នាលភិក្ខុទាំងឡាយ បរិវាសរបស់ភិក្ខុ ដែលសឹកចេញទៅហើយ មិនបានលូតលាស់ឡើងទេ។ បើបុគ្គលនោះ ត្រឡប់មកបួសវិញទៀត ការដែលឲ្យបរិវាសអំពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។
[៤៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយក៏ប្តេជ្ញាខ្លួន ជាសាមណេរវិញ។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសរបស់សាមណេរនោះ ក៏មិនបានលូតលាស់ឡើងទេ។ បើសាមណេរនោះ មកបួសជាភិក្ខុវិញ ការដែលឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។
ID: 636798125457091044
ទៅកាន់ទំព័រ៖