ព្រះត្រៃបិដក ភាគ ០៩
[៥០៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ តែបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
ចប់វារចំនួន១៦។
[៥០៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែមិនបានបិទបាំងទុក ក៏សឹកចេញទៅ។ បុគ្គលនោះ ត្រឡប់មកបួសវិញ ហើយក៏មិនបានបិទបាំងអាបត្តិទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យមានត្ត ដល់ភិក្ខុនោះតែម្តងចុះ។
[៥០៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែមិនបានបិទបាំងទុក ក៏សឹកចេញទៅ។ បុគ្គលនោះ ត្រឡប់មកបួសវិញ ហើយក៏បិទបាំងអាបត្តិទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុកខាងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះ។
ID: 636798154396496284
ទៅកាន់ទំព័រ៖