ព្រះត្រៃបិដក ភាគ ០៩
ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងអម្បាលនោះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ ម្នាលភិក្ខុទាំងឡាយ ហេតុអ្វី បានជាមោឃបុរសទាំងអម្បាលនោះ បង្កហេតុ។បេ។ បង្កអធិករណ៍ក្នុងសង្ឃដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុឯទៀត ដែលជាអ្នកបង្កហេតុ។បេ។ ជាអ្នកបង្កអធិករណ៍ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាលផ្ចាញ់ពួកលោកបានទេ ចូរលោករាល់គ្នាប្រឹងជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ្ធតែជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាងទៀត ពួកលោកចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះយើងរាល់គ្នាក៏ជាបក្ខពួករបស់លោកទាំងឡាយដែរ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្កហេតុទាំងឡាយដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬដឹកនាំពួកជន ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មានតែដឹកនាំសេចក្តីមិនជ្រះថ្លា ឲ្យកើតដល់ពួកជន ដែលមិនទាន់ជ្រះថ្លានៅឡើយ និងដឹកនាំជនទាំងឡាយខ្លះ ដែលជ្រះថ្លាស្រាប់ហើយ ឲ្យទាស់ចិត្តទៅវិញទេតើ។
ID: 636797428653454953
ទៅកាន់ទំព័រ៖