ព្រះត្រៃបិដក ភាគ ០៩
សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងពួកអាបត្តិនោះទុកទៀត សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យ តែត្រឡប់ជាបិទបាំងទុកពួកអាបត្តិនោះវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥២៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែមិនបានបិទបាំងទុកទេ ក៏ប្តេជ្ញាខ្លួនទៅជាសាមណេរ។បេ។ ត្រឡប់ទៅជាមនុស្សឆ្កួត។បេ។ ត្រឡប់ទៅជាមានចិត្តរវើរវាយ។បេ។ (សេចក្តី) ខាងក្រោយយ៉ាងណា បណ្ឌិតគួរសំដែងសេចក្តីនេះ ឲ្យពិស្តារយ៉ាងនោះចុះ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ អាបត្តិទាំងឡាយនោះ ភិក្ខុបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។បេ។ ស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ។បេ។រលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ។បេ។ មិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា
ID: 636798158920665051
ទៅកាន់ទំព័រ៖