ព្រះត្រៃបិដក ភាគ ០៩
[៦៨] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលលើកអាបត្តិឡើង ហើយទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។
ចប់ និយស្សកម្មមានចំនួន១២ក្នុងធម្មកម្ម។
[៦៩] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ១ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ជាភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ៣នេះឯង។
ID: 636797444161910193
ទៅកាន់ទំព័រ៖