ព្រះត្រៃបិដក ភាគ ០៩
លុះវេលាព្រឹកឡើង ខ្ញុំព្រះអង្គស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រចីវរ ចូលទៅកាន់កិដាគិរិជនបទ ដើម្បីបិណ្ឌបាត្រ បពិត្រព្រះអង្គដ៏ចំរើន មានឧបាសកម្នាក់ បានឃើញខ្ញុំព្រះអង្គកំពុងត្រេចទៅបិណ្ឌបាត្រក្នុងកិដាគិរិជនបទ លុះឃើញហើយ ក៏ចូលមករកខ្ញុំព្រះអង្គ លុះចូលមកហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយបានសួរដូច្នេះថា សូមមេត្តាប្រោស លោកម្ចាស់ បានចង្ហាន់ខ្លះដែរឬ ខ្ញុំព្រះអង្គប្រាប់ថា ម្នាលអាវុសោ ចង្ហាន់ អាត្មាមិនទាន់បានទេ ឧបាសកនោះនិយាយថា សូមមេត្តាប្រោស សូមលោកម្ចាស់និមន្តមក យើងនឹងនាំគ្នាទៅផ្ទះ។ បពិត្រព្រះអង្គដ៏ចំរើន លុះឧបាសកនោះ នាំខ្ញុំព្រះអង្គទៅផ្ទះ ឲ្យឆាន់ស្រេចហើយ បានសួរដូច្នេះថា សូមមេត្តាប្រោស លោកម្ចាស់នឹងនិមន្តទៅក្នុងទីណា ខ្ញុំព្រះអង្គប្រាប់ថា អាវុសោ អាត្មានឹងទៅក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ ឧបាសកនោះក៏ផ្តាំថា សូមមេត្តាប្រោស បើដូច្នោះ សូមលោកម្ចាស់ថ្វាយបង្គំព្រះបាទាព្រះដ៏មានព្រះភាគដោយត្បូងតាមពាក្យរបស់ខ្ញុំ ម្យ៉ាងទៀត សូមលោកម្ចាស់ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អាវាសក្នុងកិដាគិរិជនបទខូចហើយ ព្រោះភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក ជាចៅអាវាសក្នុងកិដាគិរិជនបទ ជាភិក្ខុលាមកមិនមានសេចក្តីអៀនខ្មាស ភិក្ខុទាំងនោះប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះ គឺដាំកូនឈើផ្កាខ្លួនឯងខ្លះ ឲ្យគេដាំខ្លះ។បេ។
ID: 636797883961188269
ទៅកាន់ទំព័រ៖