ព្រះត្រៃបិដក ភាគ ០៩
ម្យ៉ាងទៀត ពួកលោកចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះយើងរាល់គ្នា ក៏ជាពួករបស់លោកទាំងឡាយដែរ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើត ក៏កើតឡើង ការបង្កហេតុទាំងឡាយ ដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត។ សង្ឃធ្វើ តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការធ្វើតជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍ក្នុងសង្ឃដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុឯទៀត ដែលជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាលផ្ចាញ់ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ្ធតែជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាងទៀត ពួកលោកចូរកុំខ្លាចភិក្ខុនោះឲ្យសោះ
ID: 636797429969473265
ទៅកាន់ទំព័រ៖