ព្រះត្រៃបិដក ភាគ ០៩
[១១៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃធ្វើបព្វាជនីយកម្មហើយ ត្រូវប្រព្រឹត្តវត្តដោយប្រពៃ។ ឯការប្រព្រឹត្តវត្តដោយប្រពៃក្នុងបព្វាជនីយកម្មនោះដូច្នេះ គឺភិក្ខុដែលសង្ឃបានធ្វើបព្វាជនីយកម្មហើយនោះ មិនត្រូវឲ្យឧបសម្បទា១ មិនត្រូវឲ្យនិស្ស័យ១ មិនត្រូវឲ្យសាមណេរបម្រើខ្លួន១ មិនត្រូវទទួលការសន្មតិខ្លួនប្រដៅភិក្ខុនី១ ទុកជាសង្ឃសន្មតឲ្យហើយ ក៏មិនត្រូវប្រដៅពួកភិក្ខុនី១ សង្ឃបានធ្វើបព្វាជនីយកម្ម ព្រោះអាបត្តិណាហើយ មិនឲ្យត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃទៀត ដែលប្រហែលនឹងអាបត្តិនោះ១ ឬអាបត្តិធ្ងន់ជាងអាបត្តិនោះ១ មិនត្រូវតិះដៀលកម្ម១ មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ មិនត្រូវហាមឧបោសថរបស់ភិក្ខុជាបកតត្ត១ មិនត្រូវហាមបវារណារបស់ភិក្ខុជាបកតត្ត១ មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍នោះ)១ មិនត្រូវទទួលនាទីជាធំក្នុងវត្ត១ មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនត្រូវចោទ(ភិក្ខុដទៃ)១ មិនត្រូវរំលឹក (ភិក្ខុដទៃ)១ មិនត្រូវប្រកបពួកភិក្ខុ(ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១។
ចប់ វត្ត១៨ក្នុងបព្វាជនីយកម្ម។
ID: 636797892586361600
ទៅកាន់ទំព័រ៖