ព្រះត្រៃបិដក ភាគ ០៩
[១២០] គ្រានោះ ភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លាន ជាប្រធាន បានទៅកាន់កិដាគិរិជនបទ ហើយធ្វើបព្វាជនីយកម្ម (បណ្តេញ) ពួកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ (ឲ្យចេញ) អំពីកិដាគិរិជនបទ ដោយពាក្យថា ពួកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ភិក្ខុអម្បាលនោះ កាលបើសង្ឃបានធ្វើបព្វាជនីយកម្មហើយ ក៏មិនប្រព្រឹត្តវត្តដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ចេញចាកកម្ម មិនបានឲ្យភិក្ខុទាំងឡាយអត់ទោស ហើយត្រឡប់ជា ជេរប្រទេច បន្ទោសការកសង្ឃវិញថា សង្ឃលំអៀងដោយសេចក្តីស្រឡាញ់ លំអៀង ដោយសេចក្តីស្អប់ លំអៀងដោយសេចក្តីល្ងង់ លំអៀងដោយសេចក្តីខ្លាច ភិក្ខុទាំងនោះក៏ចេញទៅខ្លះ សឹកទៅខ្លះ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀលបន្តុះបង្អាប់ថា ពួកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ដែលសង្ឃបានធ្វើបព្វាជនីយកម្មហើយ មិនសមបើនឹងមិនប្រព្រឹត្តវត្តដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ខ្លួនចេញចាកកម្ម និងមិនបានឲ្យភិក្ខុទាំងឡាយអត់ទោស ត្រឡប់ជាជេរប្រទេចបន្ទោសការកសង្ឃថា សង្ឃលំអៀងដោយសេចក្តីស្រឡាញ់ លំអៀងដោយសេចក្តីស្អប់ លំអៀងដោយសេចក្តីល្ងង់ លំអៀងដោយសេចក្តីខ្លាច ហើយភិក្ខុទាំងនោះក៏ចេញទៅខ្លះ សឹកទៅខ្លះ។ ទើបភិក្ខុទាំងនោះ យកសេចក្តីនុ៎ះក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។
ID: 636797892915510427
ទៅកាន់ទំព័រ៖