ព្រះត្រៃបិដក ភាគ ០៩
លំអៀង ដោយសេចក្តីខ្លាច ហើយភិក្ខុទាំងនោះ ចេញទៅខ្លះ សឹកទៅខ្លះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនជាទីជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់បព្វាជនីយកម្មចេញ។
[១២២] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បព្វាជនីយកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ទទួលការសន្មតិខ្លួនជាអ្នកប្រដៅភិក្ខុនី១ សង្ឃសន្មតឲ្យហើយ ទៅប្រដៅពួកភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយ អង្គ៥នេះទេ។
[១២៣] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុ ដែលសង្ឃបានធ្វើ បព្វាជនីយកម្ម ព្រោះអាបត្តិណាហើយ ត្រឡប់ត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ដែលប្រហែលគ្នា នឹងអាបត្តិមុននោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិមុននោះ១ តិះដៀលកម្ម១ តិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយ អង្គ៥នេះទេ។
ID: 636797893616240506
ទៅកាន់ទំព័រ៖