ព្រះត្រៃបិដក ភាគ ០៩
ព្រោះយើងរាល់គ្នា ក៏ជាពួករបស់លោកទាំងឡាយដែរ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើត ក៏កើតឡើង ការបង្កហេតុទាំងឡាយដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត។ សង្ឃធ្វើតជ្ជនីយកម្មដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការធ្វើ តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានធ្វើតជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុហើយ ការធ្វើតជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនោះ សមគួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុះសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្ម ដែលសង្ឃរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃធ្វើកំបាំងមុខ១ កម្មដែលសង្ឃធ្វើ ដោយការមិនសាកសួរ១ កម្មដែលសង្ឃធ្វើ ដោយមិនតាមពាក្យប្តេជ្ញា របស់ភិក្ខុ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្ម (កម្មមិនប្រកបដោយធម៌)ផង ជាអវិន័យកម្ម (កម្មមិនប្រកបដោយវិន័យ)ផង ជាកម្ម ដែលសង្ឃរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។
ID: 636797430321409883
ទៅកាន់ទំព័រ៖