ព្រះត្រៃបិដក ភាគ ០៩
ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិឡើយ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃត្រូវធ្វើឧក្ខេបនីយកម្ម គឺកុំឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិទេ។ សង្ឃក៏ធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ការធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិទេ។
ID: 636797915224186410
ទៅកាន់ទំព័រ៖