ព្រះត្រៃបិដក ភាគ ០៩
បន្តុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ មិនសមបើ នឹងត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិចេញសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ក្នុងវេលានោះ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆន្នភិក្ខុត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិចេញ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា អំពើនេះ មិនសមគួរ។បេ។ មិនគប្បីធ្វើទេ ម្នាលភិក្ខុទាំងឡាយ មោឃបុរសនោះ ត្រូវអាបត្តិហើយ មិនសមបើ នឹងមិនប្រាថ្នាសំដែងអាបត្តិចេញទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ នឹងបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងក៏ទេ។បេ។ លុះទ្រង់បន្ទោសហើយ។បេ។ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។
ID: 636797924158067399
ទៅកាន់ទំព័រ៖