ព្រះត្រៃបិដក ភាគ ០៩
[២៣៩] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើ ដោយការសាកសួរ១ កម្មដែលធ្វើ តាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលសង្ឃរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។
[២៤០] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលមិនបានសំដែង១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។
ID: 636797926364223584
ទៅកាន់ទំព័រ៖