ព្រះត្រៃបិដក ភាគ ០៩
ឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនឃាត់បវារណា ដល់ភិក្ខុជាបកតត្ត១ មិនធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនទទួលនាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនចោទ១ មិនរំលឹក១ មិនប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៨នេះឯង។
ចប់វត្ត៤៣ ដែលសង្ឃត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ។
[២៧៥] ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ឆន្នភិក្ខុនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទា ភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។ ឆន្នភិក្ខុ គប្បីសូម ជាគំរប់ពីរដងផង។
ID: 636797932040058223
ទៅកាន់ទំព័រ៖