ព្រះត្រៃបិដក ភាគ ០៩
សមុច្ចយក្ខន្ធក
[៣៧៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ វេលានោះឯង ឧទាយិដ៏មានអាយុ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ
(១) តែមិនបានបិទបាំងទេ។ ឧទាយិភិក្ខុនោះ ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទេ តើខ្ញុំ ត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យមានត្ត៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។
[៣៧៨] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយប្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ
(១) អាបត្តិប្រកបដោយចិត្តក្លែង ហៅថា សញ្ចេតនិក ការញុំាងទឹកសុក្ក ឲ្យឃ្លាតចេញ ហៅថា សុក្កវិសដ្ឋិ
ID: 636798034052893023
ទៅកាន់ទំព័រ៖