ព្រះត្រៃបិដក ភាគ ០៩
[៤១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៨ គឺភិក្ខុមិនហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ មិនហាមបវារណា របស់ភិក្ខុជាបកតត្ត១ មិនធ្វើជាអ្នកមានមាត់ពាក្យ១ មិនទទួលនាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនចោទគេ១ មិនរំលឹកគេ១ មិនប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយអង្គ៨នេះឯង។
ចប់ តជ្ជនីយកម្មដែលសង្ឃត្រូវរម្ងាប់ មានចំនួន១៨។
[៤២] ម្នាលភិក្ខុទាំងឡាយ ឯតជ្ជនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុទាំងនោះ គប្បីចូលទៅរកជំនុំសង្ឃ ហើយធ្វើសំពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទារបស់ភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណាទាំងឡាយ ដែលសង្ឃធ្វើតជ្ជនីយកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ចេញចាកកម្ម
ID: 636797437347194223
ទៅកាន់ទំព័រ៖