ព្រះត្រៃបិដក ភាគ ០៩
[៨០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១។បេ។
[៨១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃបានធ្វើនិយស្សកម្ម ព្រោះអាបត្តិណាហើយ មិនត្រឡប់ត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នានឹងអាបត្តិមុននោះ១ ឬអាបត្តិធ្ងន់ជាងអាបត្តិមុននោះ១ មិនតិះដៀលនិយស្សកម្ម១ មិនតិះដៀលពួកភិក្ខុអ្នកធ្វើនិយស្សកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្ម របស់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។
[៨២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៨ គឺភិក្ខុមិនហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ មិនហាមបវារណា របស់ភិក្ខុជាបកតត្ត១ មិនធ្វើឲ្យជាអ្នកមានមាត់ពាក្យ១ មិនទទួលនាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនចោទគេ១ មិនរំលឹកគេ១ មិនប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៨នេះឯង។
ចប់ និយស្សកម្ម មានចំនួន១៨ ដែលសង្ឃត្រូវរម្ងាប់។
ID: 636797446433586183
ទៅកាន់ទំព័រ៖