ព្រះត្រៃបិដក ភាគ ០៩
[៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់តិះដៀលបណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ ដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោស នៃសភាព ជាបុគ្គល ដែលគេចិញ្ចឹមបានដោយកម្រ និងថែទាំបានដោយកម្រ មានសេចក្តីប្រាថ្នាច្រើន មិនមានសេចក្តីសន្តោស នៅច្រឡូកច្រឡំដោយពួក មានសេចក្តីខ្ជិលច្រអូស ទើបទ្រង់សំដែងគុណ នៃសភាព ជាបុគ្គល ដែលគេចិញ្ចឹមបានដោយងាយ និងថែទាំបានដោយងាយ មានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស មានចិត្តផូរផង់ កំចាត់បង់ នូវកិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំនូវកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ហើយទ្រង់សំដែង នូវធម្មីកថា ដ៏ល្មមសមគួរដល់កម្មនោះៗ ដល់ភិក្ខុទាំងឡាយ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទើបមានព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើ តជ្ជនីយកម្ម
(១) ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ ឯតជ្ជនីយកម្មនោះ សង្ឃគប្បីធ្វើយ៉ាងនេះ។ សង្ឃត្រូវចោទបណ្ឌុក និងលោហិតកភិក្ខុជាមុន លុះចោទហើយ គប្បីរំលឹក លុះរំលឹកហើយ គប្បីលើកអាបត្តិឡើង លុះលើកអាបត្តិហើយ ភិក្ខុអ្នកឆ្លាសប្រតិពល គប្បីប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ
(១) កម្មដែលសង្ឃត្រូវធ្វើដល់ភិក្ខុដែលគួរគម្រាម។
ID: 636797429153435832
ទៅកាន់ទំព័រ៖