ព្រះត្រៃបិដក ភាគ ៩០
បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យឬ។ បុគ្គល ៣ ពួក មិនលះបង់អវិជ្ជានុស័យ តែបុគ្គលទំាងនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ បុថុជ្ជន មិនលះបង់អវិជ្ជានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។
[១០៥] បុគ្គលណា មិនលះបង់ភវរាគានុស័យ បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យឬ។ អើ។
[១០៦] បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ មិនលះបង់មានានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យឬ។ អនាគាមិបុគ្គល មិនលះបង់មានានុស័យ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ បុគ្គល ៣ ពួក មិនលះបង់មានានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង។
ID: 637826884530041987
ទៅកាន់ទំព័រ៖