ព្រះត្រៃបិដក ភាគ ៩១
[៣៥៤] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ កើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ កើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជន ទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៥៥] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះ ដែរឬ។
ID: 637826983951236119
ទៅកាន់ទំព័រ៖