ព្រះត្រៃបិដក ភាគ ៩១
[៥១] ចិត្តរបស់បុគ្គលណា កំពុងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កំពុងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ កំពុងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ កើតឡើងហើយផង កំពុងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ តែចិត្តរបស់បុគ្គលណា កាលមិនកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ កាលមិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ កាលមិនកើតឡើងផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងទេឬ។ អើ។
[៥២] ចិត្តរបស់បុគ្គលណា កាលរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាកើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កំពុងរលត់ឬ។ ចិត្តរបស់ពួកជននោះ កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ កំពុងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ កើតឡើងហើយផង កំពុងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។
ID: 637826932306563888
ទៅកាន់ទំព័រ៖