ព្រះត្រៃបិដក ភាគ ៩១

ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ ទើប​កើតឡើង ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​អកុសលធម៌ ក៏​កើតឡើង​ដែរ។
 [១០៣] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ឬ។ ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ តែ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​សត្វ​ទាំងអស់​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​កុសល និង​ចិត្ត​ដែល​ប្រាសចាក​អកុសល ក្នុង​ភង្គ​ក្ខ​ណៈ (ខណៈ​ជាទី​បែកធ្លាយ) នៃ​ចិត្ត ទាំង​ពួក​អកុសលធម៌ ក៏​មិនកើត​ឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ឬ។ ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ​ទេ តែ​ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​ទាំងអស់​នោះ គឺ​ពួក​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​អកុសល និង​ចិត្ត​ដែល​ប្រាសចាក​កុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ទាំង​ពួក​កុសលធម៌ ក៏​មិនកើត​ឡើង​ដែរ។
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637826940447147212
ទៅកាន់ទំព័រ៖