ព្រះត្រៃបិដក ភាគ ៩១
[១៦១] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលបា្រសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើង ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏មិនធ្លាប់កើតឡើងហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[១៦២] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកជន នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ពួកកុសលធម៌ របស់ពួកជននោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើងទេ ឯពួកកុសលធម៌ របស់ពួកជននោះ កើតឡើងក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។
ID: 637826947185834625
ទៅកាន់ទំព័រ៖