ព្រះត្រៃបិដក ភាគ ៩១

 [១៧៥] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​ទាំងអស់​នោះ មិនកើត​ឡើង ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​អកុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ទាំង​ពួក​អព្យាកតធម៌ ក៏​នឹង​មិនកើត​ឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [១៧៦] ពួក​កុសលធម៌ របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​កើតឡើង​ឬ។ ពួក​កុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​ជន ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា​នោះ ធ្លាប់​កើតឡើង​ហើយ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិនកើត​ឡើង​ទេ ឯ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ ក្រៅពី​នេះ ធ្លាប់​កើតឡើង​ហើយ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​កើតឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​កើតឡើង ពួក​កុសលធម៌ របស់​បុគ្គល​នោះ ធ្លាប់​កើតឡើង​ហើយ​ឬ។ អើ។
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637826948972929111
ទៅកាន់ទំព័រ៖