ព្រះត្រៃបិដក ភាគ ៩២

សទ្ធិន្ទ្រិយ របស់​សត្វ អ្នក​ប្រកបដោយ​ហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​ឧបេក្ខា កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​សទ្ធា ទាំង​ប្រាសចាក​ឧបេក្ខា ក្នុង​បវត្តិកាល ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សទ្ធិន្ទ្រិយ របស់​សត្វ អ្នក​ប្រកបដោយ​ហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​សទ្ធា ទាំង​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល ក្នុង​ទីនោះ។
 [២២១] ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ ជា​ញាណ​វិប្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​ឧបេក្ខា ទាំង​ប្រាសចាក​ញាណ ក្នុង​បវត្តិកាល ក្នុង​ទីនោះ ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង​ផង បញ្ញិ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​ឧបេក្ខា ទាំង​ប្រកបដោយ​ញាណ ក្នុង​បវត្តិកាល ក្នុង​ទីនោះ។ មួយទៀត បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637827111656010167
ទៅកាន់ទំព័រ៖