ព្រះត្រៃបិដក ភាគ ៩២
[១៤៧] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វអ្នកមិនមានហេតុទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយសោមនស្ស ទាំងប្រាសចាកសទ្ធា ក្នុងបវត្តិកាល ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយសោមនស្ស ទាំងប្រកបដោយសទ្ធា ក្នុងបវត្តិកាល។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វ អ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកសោមនស្ស កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយសទ្ធា ទាំងប្រាសចាកសោមនស្ស ក្នុងបវត្តិកាល ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយសទ្ធា ទាំងប្រកបដោយសោមនស្ស ក្នុងបវត្តិកាល។
ID: 637827102342925361
ទៅកាន់ទំព័រ៖