ព្រះត្រៃបិដក ភាគ ៩៣

ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បវត្តិកាល ក្នុង​ទីនោះ ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បច្ឆិម​ចិត្ត​ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ច្យុត​ចាក​អសញ្ញ​សត្វ មិនកើត​ឡើង​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ក្នុង​ទីនោះ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចូល​ទៅកាន់​អសញ្ញ​សត្វ នឹង​មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ក្នុង​ទីនោះ ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ច្យុត​ចាក​អសញ្ញ​សត្វ នឹង​មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ក្នុង​ទីនោះ។
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637827778197324814
ទៅកាន់ទំព័រ៖