ព្រះត្រៃបិដក ភាគ ៩៣

 [២៧៧] សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស របស់​ពួក​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​លំដាប់​នៃ​ចិត្ត​នោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​ពួក​ចតុ​វោការ​សត្វ និង​បញ្ចវោការ​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កាល​ចិត្ត​ទីពីរ របស់​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​ចតុ​វោការ​សត្វ និង​បញ្ចវោការ​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [២៧៨] សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា សទ្ធិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​ពួក​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637827814413558878
ទៅកាន់ទំព័រ៖