ព្រះត្រៃបិដក ភាគ ៩៣
មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព កើតឡើងហើយផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។
[៥០] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់សុទ្ធាវាស និងពួកសត្វ កាលទៅកាន់អសញ្ញសត្វ កើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព កើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។
ID: 637827731223106872
ទៅកាន់ទំព័រ៖