ព្រះត្រៃបិដក ភាគ ៩៣
ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វ អ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។
[៦៨] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន មួយទៀត បុរសទាំងឡាយណា សំដែងនូវភពពីរបី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។
ID: 637827733881669104
ទៅកាន់ទំព័រ៖