ព្រះត្រៃបិដក ភាគ ៩៦
អារម្មណាធិបតិ គឺពួកអរិយបុគ្គល ចេញចាកមគ្គហើយ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវផលឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវនិព្វានឲ្យជាទីគោរព ហើយពិចារណា និព្វាន ជាបច្ច័យនៃគោត្រភូ និងវោទានៈ ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺអធិបតិ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។
[២៥៥] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[២៥៦] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអនន្តរប្បច្ច័យ គឺពួកឧបាទិន្នុបាទានិយក្ខន្ធមុនៗ ជាបច្ច័យ នៃពួកឧបាទិន្នុបាទានិយក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ បញ្ចវិញ្ញាណ ជាបច្ច័យនៃវិបាកមនោធាតុ ដោយអនន្តរប្បច្ច័យ វិបាកមនោធាតុ ជាបច្ច័យ នៃវិបាកមនោវិញ្ញាណធាតុ ដោយអនន្តរប្បច្ច័យ។
ID: 637828518081870418
ទៅកាន់ទំព័រ៖