ព្រះត្រៃបិដក ភាគ ៩៦
[៤៤៤] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល ធ្វើរាគៈឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើរាគៈនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិក៏កើតឡើង បុគ្គលធ្វើទិដ្ឋិឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើទិដ្ឋិនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិក៏កើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិ ជាសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[៤៤៥] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិ ជាសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។
[៤៤៦] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិ ជាសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
ID: 637828712331559290
ទៅកាន់ទំព័រ៖