ព្រះត្រៃបិដក ភាគ ៩៧
[១៧៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ឲ្យជាទីគោរព ទើបកើតឡើង។
[១៧៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វោទានៈ (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ជាបច្ច័យ) នៃផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ជាបច្ច័យ) នៃផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ។
ID: 637828793833033270
ទៅកាន់ទំព័រ៖