ព្រះត្រៃបិដក ភាគ ៩៧
[៣០៣] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង (បុគ្គល) ឃើញច្បាស់នូវសោតៈ… ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ… នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវសោតៈ (ជាដើម) នោះ ទើបកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយបុរេជាតប្បច្ច័យ។
[៣០៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
ID: 637828864234634051
ទៅកាន់ទំព័រ៖