ព្រះត្រៃបិដក ភាគ ៩៧
(បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលច្រឡំដោយបីតិ ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ចេញអំពីឈាន ដែលច្រឡំដោយបីតិ ចេញអំពីមគ្គ ចេញអំពីផល ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ព្រះអរិយៈទាំងឡាយ ពិចារណានូវពួកកិលេស ដែលច្រឡំដោយបីតិ ដែលលោកលះបង់ហើយ ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ហើយពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ហើយត្រេកអរ រីករាយ រាគៈ ដែលច្រឡំដោយឧបេក្ខា ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទិដ្ឋិក៏កើតឡើង វិចិកិច្ឆាក៏កើតឡើង ឧទ្ធច្ចៈក៏កើតឡើង (ព្រះអរិយៈទាំងឡាយ) ដឹងនូវចិត្ត របស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលច្រឡំដោយបីតិ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលច្រឡំដោយឧបេក្ខា ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ទើបកើតឡើង។
ID: 637828884834906682
ទៅកាន់ទំព័រ៖