ព្រះត្រៃបិដក ភាគ ៩៧
[៦៤០] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង… ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។
[៦៤១] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ ប្រហែលគ្នានឹងសហជាតប្បច្ច័យដែរ។ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ។
[៦៤២] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺ (ខន្ធ៣) ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយទស្សនៈ ក្នុងអរូបភព។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ។
ID: 637828931740731228
ទៅកាន់ទំព័រ៖