ព្រះត្រៃបិដក ភាគ ៩៧
[៦៧១] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺព្រះអរិយៈទាំងឡាយ ពិចារណានូវពួកកិលេស ដែលគួរលះដោយទស្សនៈ ដែលលះបង់ហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដឹងចិត្តនៃបុគ្គល អ្នកប្រកបដោយចិត្ត ដែលគួរលះដោយទស្សនៈ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៧២] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយ ចំពោះរាគៈ ដែលគួរលះដោយភាវនា រាគៈដែលគួរលះដោយភាវនា ប្រារព្ធនូវរាគៈនោះ ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា កើតឡើង ឧទ្ធច្ចៈ ប្រារព្ធនូវឧទ្ធច្ចៈ ទើបកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា ទើបកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា ប្រារព្ធនូវទោមនស្ស ដែលគួរលះដោយភាវនា ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង។
ID: 637828935700737244
ទៅកាន់ទំព័រ៖