ព្រះត្រៃបិដក ភាគ ៩៧
[៦៧៣] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយ ចំពោះរាគៈ ដែលគួរលះដោយភាវនា រាគៈដែលគួរលះដោយទស្សនៈ ប្រារព្ធនូវរាគៈនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង ទិដ្ឋិ ប្រារព្ធនូវឧទ្ធច្ចៈ ទើបកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវទោមនស្ស ដែលគួរលះដោយភាវនា ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង។
[៦៧៤] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺព្រះអរិយៈទាំងឡាយ ពិចារណានូវកិលេស ដែលគួរលះដោយភាវនា ដែលលះបង់ហើយ ពិចារណានូវកិលេស ដែលសង្កត់សង្កិនហើយ ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន
ID: 637828935966624375
ទៅកាន់ទំព័រ៖