ព្រះត្រៃបិដក ភាគ ៩៨
បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺព្រះអរហន្ត ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។ ឯសហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលដល់នូវការមិនសន្សំ (ជាបច្ច័យ) នៃចិត្តសមុដ្ឋានរូបទាំងឡាយ។បេ។
[៣៣៦] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំផង នៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[៣៣៧] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។អារម្មណាធិបតិ គឺព្រះអរហន្ត ធ្វើនូវផលឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវព្រះនិពាន្វ ឲ្យជាទីគោរព ហើយពិចារណា (ចំណែកខាង) ព្រះនិពាន្វ ក៏ជាបច្ច័យនៃផល ដោយអធិបតិប្បច្ច័យ។ សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
ID: 637829524319166393
ទៅកាន់ទំព័រ៖