ព្រះត្រៃបិដក ភាគ ៩៨
អភិធម្មបិដក
បដ្ឋាន បញ្ចមភាគ
ទស្សនេនបហាតព្វហេតុកត្តិកៈ
សូមនមស្សការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
បដិច្ចវារៈ
[១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ… ខន្ធ២។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្ដី ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្ដី អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យខន្ធ២។
ID: 637829450104668466
ទៅកាន់ទំព័រ៖