ព្រះត្រៃបិដក ភាគ ៩៩
[៣៨៣] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) នូវបច្ចុប្បន្នចក្ខុ… នូវវត្ថុ… ធ្វើនូវបច្ចុប្បន្នក្ខន្ធទាំងឡាយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺបច្ចុប្បន្នាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[៣៨៤] អតីតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអនន្តរប្បច្ច័យ គឺអតីតក្ខន្ធមុនៗ ជាបច្ច័យនៃពួកបច្ចុប្បន្នក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ មគ្គ (ជាបច្ច័យ) នៃផល ផល (ជាបច្ច័យ) នៃផល អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៣៨៥] អតីតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយសមនន្តរប្បច្ច័យ គឺប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។
ID: 637829797650719738
ទៅកាន់ទំព័រ៖