ព្រះត្រៃបិដក ភាគ ៩៩
[៦៦៧] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន សមាទាននូវសីល ធ្វើនូវឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន ព្រះនិព្វានជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ នូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… នូវវត្ថុ… នូវឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ អាបោធាតុ កពឡិង្ការាហារ… នូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ថាមិនទៀង… ទោមនស្សកើតឡើង បុគ្គលដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្ត ជាអនិទស្សនអប្បដិឃៈ ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ ជាបច្ច័យនៃវិញ្ញាណញ្ចាយតនៈ ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ពួកខន្ធជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ
ID: 637829829923628954
ទៅកាន់ទំព័រ៖