ព្រះត្រៃបិដក ភាគ ០១
ពួកនេះ ជាសក្យបុត្រ ជាមនុស្សឥតខ្មាស ជាមនុស្សទ្រុស្តសីល ពោលតែពាក្យមុសា ពួកសមណៈទាំងនេះប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តរៀបសា ប្រព្រឹត្តព្រហ្មចរិយធម៌ ពោលពាក្យសច្ច មានសីល មានកល្យាណធម៌ ដូចម្តេចបាន (ព្រោះ) សាមញ្ញគុណរបស់សមណៈទាំងនេះគ្មានទេ ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះក៏គ្មានទេ សាមញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ សាមញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា ពួកសមណៈទាំងនេះបា្រសចាកសាមញ្ញគុណហើយ ពួកសមណៈទាំងនេះប្រាសចាកព្រហ្មញ្ញគុណហើយ (ព្រោះ) សមណៈទាំងនេះបានពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសក ឧបាសកដែលស្លាប់ ពីព្រោះតែសមណៈទាំងនេះ។ ភិក្ខុទាំងឡាយបានឮមនុស្សពួកនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុម្តេចបានជាពួកឆព្វគ្គិយភិក្ខុទៅពណ៌នាគុណនៃសេចក្តីស្លាប់ដល់ ឧបាសក (ដូច្នោះ)។ គ្រានោះឯង ពួកភិក្ខុទាំងនោះ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។
ID: 636775524525874285
ទៅកាន់ទំព័រ៖