ព្រះត្រៃបិដក ភាគ ១០
ក៏ជួនជា ព្រះរាជាមាគធសេនិយពិម្ពិសារ ទ្រង់មានសេចក្តីត្រូវការ ដោយផ្លែស្វាយដែរ។ លំដាប់នោះ ព្រះរាជាមាគធសេនិយពិម្ពិសារ ទ្រង់បង្គាប់មនុស្សទាំងឡាយថា ម្នាលនាយ អ្នកទាំងឡាយ ចូរទៅសួន ហើយបេះផ្លែស្វាយមក។ មនុស្សទាំងនោះ ទទួលព្រះរាជឱង្ការព្រះរាជាមាគធសេនិយពិម្ពិសារ ដោយពាក្យថា ព្រះករុណាពិសេស ហើយក៏ទៅកាន់សួន និយាយនឹងនាយអារាមបាល (អ្នករក្សាសួន) យ៉ាងនេះថា នែនាយ ព្រះសម្មតិទេព ទ្រង់ត្រូវការដោយផ្លែស្វាយ ចូរអ្នកទាំងឡាយ ថ្វាយផ្លែស្វាយកុំខាន។ នាយអារាមបាល ក៏ឆ្លើយថា បពិត្រលោកទាំងឡាយ ផ្លែស្វាយគ្មានទេ ព្រោះពួកភិក្ខុ បេះផ្លែស្វាយខ្ចីៗ យកទៅឆាន់អស់ហើយ។ លំដាប់នោះ មនុស្សទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលព្រះរាជាមាគធសេនិយពិម្ពិសារ។ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ម្នាលនាយ លោកម្ចាស់ទាំងឡាយ បានឆាន់ផ្លែស្វាយ ក៏ជាការប្រពៃហើយ តែថា ព្រះមានព្រះភាគ ទ្រង់សរសើរការដឹងប្រមាណ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ សក្យបុត្តិយ៍ មិនសមបើ នឹងឆាន់ផ្លែស្វាយ របស់ព្រះរាជា មិនដឹងប្រមាណសោះ។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។បេ។
ID: 636799843101522528
ទៅកាន់ទំព័រ៖